Wednesday, August 3, 2011
ក្រុមតន្ត្រីហុងកុងធ្វើការប្រគំតន្ត្រីរៃអង្គាសប្រាក់ http://postkhmer.com/index.php?option=com_content&view=article&id=62816:2011-08-02-16-40
ភ្នំពេញៈ ការប្រគំតន្ត្រីសប្បុរសធម៌របស់ក្រុមតន្ត្រីជ័យលាភីពិភពលោកមួយ នឹងរៀបចំឡើងលើទឹកដីកម្ពុជានៅថ្ងៃទី១៤ ខែសីហា ខាងមុខនេះ ដើម្បីជួយដល់វិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដែលកំពុងមានភាពខ្វះខាតនៅក្នុងដំណើរការសកម្មភាពរបស់វិទ្យា ស្ថាននេះ។
ការប្រគំតន្ត្រីនេះនឹងធ្វើឡើងនៅក្នុងបរិវេណទូរទស្សន៍ជាតិ កម្ពុជា ដោយមានការសហការគ្នារវាងវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ សាលាតន្ត្រីស៊ីមហ្វូនី ទូរទស្សន៍ជាតិកម្ពុជា សណ្ឋាគារ Almond ភោជនីយដ្ឋាន Topaz និងភោជនីយដ្ឋាន ម៉ាលីស។
វិទ្យាស្ថាន អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមានទិសដៅជួយលើកកម្ពស់ដល់ សមត្ថភាពយុវជនដែលខ្វះលទ្ធភាព និងសមត្ថភាពក្នុងជីវភាពគ្រួសារ និងការសិក្សា ហើយក៏មានការបណ្តុះបណ្តាលផ្សេងៗផងដែរ។
លោក ឃឹម គន្ធា ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ បានឲ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានកំពុងប្រឈមមុខនឹងការខ្វះខាតថវិកាក្នុងការស្ថាបនា ស្រះទឹកសម្រាប់ចិញ្ចឹមត្រី និងកន្លែងស្នាក់នៅរបស់សិស្សក្នុងវិទ្យាស្ថាន ដូច្នេះដោយមានការសហការគ្នាយ៉ាងជិតស្និទ្ធ ការប្រគំតន្ត្រីសប្បុរសធម៌មួយនេះក៏បានកើតមានឡើងដើម្បីស្វែង រកមូលនិធិ។
លោក ហ៊ុន ឡាក់ អគ្គនាយកសាលាតូរ្យតន្រ្តី ស៊ីមហ្វូនី បានឲ្យដឹងក្នុងសន្និសីទកាលពីថ្ងៃម្សិលមិញថា ការប្រគំតន្រ្តីសប្បុរសធម៌នេះ នឹងមានការចូលរួមសម្តែងពីក្រុមតន្រ្តីជ័យលាភីក្នុងព្រឹត្តិការណ៍ពិភពលោក VIVAGE មកពីហុងកុង ហើយនៅក្នុងនោះក៏មានសមាជិកនៃ Hong Kong Wind Philharmonic របស់សាលាតូរ្យតន្ត្រីស៊ីមហ្វូនីផងដែរ។
លោកបានមានប្រសាសន៍ថា៖«យើងបានអញ្ជើញក្រុមហ្នឹងមកពី ហុងកុង ហើយគេក៏សម្រេចថា ជួយយើង បើគេមិនជួយយើងទេ យើងក៏គ្មានលទ្ធភាពជួលគេដែរ ព្រោះក្រុមហ្នឹងថ្លៃណាស់»។
លោក ហ៊ុន ឡាក់ក៏បានបន្តថា ការប្រគំតន្រ្តី ដើម្បីរៃអង្គាសប្រាក់នេះ ត្រូវបានធ្វើឡើងដោយមានការសហការគ្នារវាងវិទ្យាស្ថានអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំ សាលាតន្ត្រីស៊ីមហ្វូនី ទូរទស្សន៍ជាតិកម្ពុជា សណ្ឋាគារ Almond ភោជនីយដ្ឋាន Topaz និងភោជនីយដ្ឋាន ម៉ាលីស។
លោក លូ ម៉េង ម្ចាស់សណ្ឋាគារ Almond ភោជនីយដ្ឋាន Topaz និងភោជនីយដ្ឋាន ម៉ាលីស មានប្រសាសន៍ថា ដើម្បីរួមចំណែក និងជំរុញព្រឹត្តិការណ៍នេះឲ្យទទួលបានផ្លែផ្កានោះ លោកបានជួយក្នុងការផ្ដល់ថ្លៃស្នាក់នៅ អាហារបរិភោគ និងការសម្រួលក្នុងដំណើរការមួយចំនួនទៀត។
ជាមួយគ្នានេះ លោក សូ ស៊ីថា អគ្គនាយករងនៃទូរទស្សន៍ជាតិកម្ពុជាបានឲ្យដឹងដែរថា ទូរទស្សន៍ជាតិ TVK ក៏បានផ្ដល់ជាទីតាំងសម្រាប់ការប្រគំតន្ត្រីរៃអង្គាសប្រាក់ សប្បុរសធម៌នេះផងដែរ។
គួរបញ្ជាក់ថា ថវិកាដែលរកបានពីការប្រគំតន្ត្រីនេះ នឹងត្រូវប្រគល់ជូនវិទ្យាស្ថាន អភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដើម្បីដោះស្រាយបញ្ហាដែលកំពុងប្រឈមនឹងបញ្ហាខ្វះខាត។
ប្រសិនបើជាសប្បុរសជនចង់ជួយឧបត្ថម្ភក្នុងកម្មវិធីនេះ អាចទាក់ទងបានតាមរយៈទូរសព្ទ័លេខ ០២៣ ៧២ ៧៣ ៤៥, ០២៣ ៥៧ ៦៧ ៥៧ និង ០៩៧ ៨៨៨ ៨៧ ៨៧ ឬអាចទាក់ទងផ្ទាល់នៅសាលាតន្ត្រី ស៊ីម ហ្វូនី ផ្ទះលេខ ២៤៣ សង្កាត់បឹងកេងកង១ ខណ្ខចំការមន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment