ភ្នំពេញ : ក្នុងសភាពស្លៀកតែក្រមាមួយចង្កេះ ដងខ្លួនទទេដណ្ដប់ខ្យល់ លោក ឈួន សម្បត្តិ វ័យ៣១ឆ្នាំ គឺជាអ្នករើសអេតចាយ ប៉ុន្តែចម្លែកតែមួយគត់ត្រង់ថា ក្នុងចំណោមអ្នករើសអេតចាយរាប់រយនាក់ក្នុងរាជធានីភ្នំពេញ។
ផ្ទះតូចមួយដែលពោរពេញទៅដោយសម្ភារអេតចាយសំពីងសំពោងគ្រប់ កន្លែងស្ទើរតែគ្មានច្រកដើរ ជាលំនៅស្ថានដ៏មានសុភមង្គលរបស់បងប្រុសសម្បត្តិ ដែលស្ថិតនៅក្នុងបរិវេណវត្តប្រជុំសាគរ ហៅ វត្តថ្មី។ បងប្រុសបានបង្ហើបថា នៅក្នុងផ្ទះនេះ នៅសល់តែមួយប្រឡោះប៉ុណ្ណោះ សម្រាប់ដេក ពីព្រោះក្នុងផ្ទះត្រូវពេញដោយឯកសារដែលគាត់បានប្រមូលពីសំរាមនៅ លើដងផ្លូវ។ អ្នកស្រី ឈឹម គាំ វ័យ៦៣ឆ្នាំ ត្រូវជាម្ដាយបងប្រុសសម្បត្តិបានមានប្រសាសន៍ថា គាត់រស់នៅក្នុងវត្តនេះយូរណាស់មកហើយ បើនិយាយទៅសង្ឃរាជអស់ប្រាំជំនាន់ហើយ។
«ជីវិតជាការតស៊ូ!» នេះនៅតែជាពាក្យមួយឃ្លាដដែលៗ ដែលមនុស្សគ្រប់គ្នាមិនថា បងប្រុសសម្បត្តិឡើយ តែងតែនិយាយសម្រាប់លើកទឹកចិត្តខ្លួនឯង។ បងប្រុសបានមានប្រសាសន៍ថា បានផ្លាស់ប្តូរមុខរបរច្រើនហើយមុននឹងប្រកបរបរនេះ ហើយដោយសារតែគ្មានដើមទុនគ្រប់គ្រាន់ ជីវិតតែលតោលគ្មានកោះគ្មានត្រើយលោក ឈួន សម្បត្តិ ក៏បានសម្រេចចិត្តធ្វើជាអ្នករើសអេតចាយ។
លោក សម្បត្តិ បានរៀបរាប់ពីអាជីពរបស់ខ្លួនត្រួសៗយ៉ាងដូច្នេះថា៖ «ខ្ញុំមុនដំបូង ធ្វើជាសន្តិសុខក្នុងរោងចក្រ SL ដែលនៅក្បែរស្ពានដែកស្ទឹងមានជ័យ បន្ទាប់មកក៏ទៅធ្វើការនៅក្នុងក្រុមហ៊ុន Teengroup ជាក្រុមហ៊ុនលក់ថ្នាំបុរាណចិន ឈប់ពីហ្នឹងទៀត ក៏បានក្លាយជាអ្នករើសសំរាមទៅ»។
ការរើសអេតចាយមិនខុសពីការរើសសំរាមទេ ព្រោះបងប្រុសសម្បត្តិត្រូវរើកកាយតាមពំនូកកាកសំណល់ដែលមានហូរហែ តាមមុខផ្ទះប្រជាជន ដែលជួនកាលត្រូវមានរឿង និងថ្ងៃខ្លះត្រូវជួបលាភចៃដន្យ តែអ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺមានការវាយធ្វើបាបគំរាម និងប្រមាថមើលងាយមកលើរូបលោក។
អ្នករើសអេតចាយរូបនេះបានបន្តទៀតថា៖ «បើយើងដើរជាន់ដានគេ ដូចជារើរុះសំរាមឥតបានចងវិញ ម្ចាស់ផ្ទះប្រាកដជាជេរបញ្ចោរមិនខាន មិនថាយើងជាអ្នករើមិនរើទេ ព្រោះឲ្យតែគេឃើញអ្នករើសអេតចាយ គេជេរគ្មានត្រាប្រណី ប៉ុន្តែក៏មានម្ចាស់ផ្ទះខ្លះ គាត់ចិត្តល្អ គាត់ដាក់ផ្លែឈើចងថង់យ៉ាងស្អាត ហើយខ្លះទៀតមានសំបុត្រតូចទុកឲ្យយើងទៀតផង»។
ក្នុងដំណើររើសអេតចាយនេះ លោក សម្បត្តិ ត្រូវជិះកង់ដ៏កញ្ចាស់របស់គាត់ចាប់តាំងពីម៉ោង ៤-៥ទៀបភ្លឺដល់ម៉ោង១-២ទើបគាត់ត្រឡប់មកផ្ទះម្ដង ហើយវេនទីពីរគឺចាប់ពីម៉ោង៦ល្ងាចដល់ពាក់កណ្ដាលអធ្រាត្រទើបគាត់ ត្រឡប់មកវិញ។ នៅសល់ពេលចន្លោះ គាត់ឆ្លៀតពេលកត់ត្រាឯកសារដែលរើសបាន។ សម្បត្តិ បានបន្តថា លោកត្រូវទៅរើសអេតចាយ ដល់ព្រែកលៀប ឬ បាក់ខែង ដោយសារតែការរៀងចាលពីគ្រោះថ្នាក់ចរាចរណ៍ និងម៉្យាងវិញទៀតកង់របស់លោកក៏មិនអាចអាចជិះឆ្លងស្ពានជ្រោយ ចង្វារបានដែរ។
សម្បត្តិ បញ្ជាក់ថា របស់អេតចាយដែលគាត់បានប្រមែប្រមូលត្រូវចែកជា៣ក្រុម ដូចជា ក្រុមឯកសារ ភាគច្រើនជាកាសែត និងទស្សនាវដ្ដី និងក្រុមកំប៉ុង ក្រុមជ័រ។ សម្រាប់ក្រុមទីមួយ លោកមិនបានយកវាទៅលក់ថ្លឹងគីឡូនោះទេ ហើយក៏មិនទុកវាឥតប្រយោជន៍ដែរ ដោយលោកថែមទាំងបានឆ្លៀតបង្កើនចំណេះដឹងផ្ទាល់ខ្លួនជាមួយនឹង ក្រដាសដ៏ញីញក់។
ដល់ពេលសួរថា ហេតុអ្វីនឹកឃើញប្រមូលឯកសារទុក លោកបានប្រាប់ថា គឺដោយសារតែរូបលោកជាមនុស្សចូលចិត្តការស្រាវជ្រាវចង់ដឹងចង់ ឮ។
សម្បត្តិ និយាយថា៖ «រៀនអ្វីក៏ដោយ ក៏ត្រូវការឯកសារក្បួនច្បាប់ដែរ ស៊ូឆ្កួតនឹងការសិក្សា ប្រសើរជាងឆ្កួតនឹងគ្រឿងញៀន។ ណាមួយវាជាគំរូល្អដល់អ្នកជំនាន់ក្រោយ។ នៅក្នុងអត្ថបទកាសែត និងទស្សនាវដ្ដី មានគ្រប់សព្វទាំងក្បួនពេទ្យ ប្រវត្តិសាស្ត្រ និងភូមិសាស្រ្ត»។
លោកបន្តថា៖ «ក្រដាសដែលយើងចោលថាឥតប្រយោជន៍ដូចជាក្រដាសកិតលាមក ប៉ុន្តែបើយើងយករបស់នោះមកសិក្សាវាមិនត្រឹមតែយើងអាចក្លាយជា គំរូល្អដល់កូនចៅជំនាន់ក្រោយទេ វាក៏មានចំណេះដឹង គ្រាន់តែយើងមិនមានសញ្ញាបត្រ ប៉ុន្តែពេលគេនិយាយពីអក្សរសាស្ត្រឬប្រវត្តិសាស្ត្រ យើងក៏បានដឹងដូចគេដែរ»។
យ៉ាងណាមិញ ខណៈរដូវភ្លៀងចូលមកដល់ សម្បត្តិ សម្ដែងនូវក្ដីបារម្ភថា៖ «ខ្ញុំរកកន្លែងទុកដាក់ឯកសារមិនឃើញ ពេលខ្លះមានគេថា យើងរាយប៉ាយក្រដាសក្នុងវត្តហើយពេលខ្លះមានគេថា យើងប្រមូលឯកសារគេបោះចោលមកធ្វើអ្វី នាំតែចង្អៀតផ្ទះ»។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏លោកសប្បាយចិត្តដែរ ដោយសារតែខ្លួនមានភរិយា ដែលទើបរៀបការកាលពីឆ្នាំទៅជាអ្នកគាំទ្រខ្លួនក្នុងការប្រមែ ប្រមូលឯកសារនេះ ថ្វីបើអ្នកស្រីមិនអាចជួយអ្វីបានក្នុងការកត់ត្រាឯកសារយ៉ាងណា ក៏ ដោយ។
សម្បត្តិ បានបង្ហើបក្ដីរំពឹងមួយថា៖ «ខ្ញុំសង្ឃឹមថា នឹងមានអ្នកដែលគេមានសន្ដានចិត្តល្អពិតមកជួយខ្ញុំក្នុងការ ចិញ្ចឹមក្រពះ ដើម្បីឲ្យខ្ញុំមានពេលគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ»៕
No comments:
Post a Comment