អត្ថបទនេះត្រូវបានចុះផ្សាយក្នុងកា
សែតភ្នំពេញប៉ុស្តិខ្មែរ។
ភ្នំពេញៈ ដៃម្ខាងចាក់ភ្លេង ដៃម្ខាងរាវរកកៅអី ដែលនៅក្បែរនោះលោក សួង ទិតធានី ត្រូវគេស្គាល់ច្បាស់ថាជាលោកគ្រូបា ហើយក៏ជាស្វាមីរបស់អ្នកស្រី ហែម សុវណ្ណ។ អ្នកស្រី ហែម សុវណ្ណ វ័យប្រមាណ ៦០ឆ្នាំ ជាអ្នកចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបកាលពីអតីតកាល។ ចម្រៀងដែលធ្វើឲ្យអ្នកស្រីមានភាពល្បីល្បាញនោះ ជាប្រភេទបទ ប្រ៉កកៃ ឡាំលាវ និង កន្ទ្រឹម រីឯ លោកគ្រូបា វិញមានវ័យប្រហែល៥៨ឆ្នាំ ជាអ្នកតន្រ្តីករ ដ៏ចំណានម្នាក់។
អ្នកស្រី ហែម សុវណ្ណ ជាបេក្ខនារីដែលទទួលបានលេខ២ក្នុងការប្រកួតចម្រៀងទូទាំងប្រទេស សមាជជាតិទី២៦ក្នុងឆ្នាំ១៩៦៨ក្នុងចំណោមអ្នកចម្រៀងរាប់ពាន់ផ្សេង ទៀត ដែលពេលនោះ លោកពូ ចែម ពុធ និង អ្នកស្រី ឃីម សោភ័ណ្ឌ ទទួលបានលេខមួយ។
ទោះបីជា អ្នកស្រី បានទទួលលេខ២មែន ប៉ុន្តែគាត់បានរំឭកថា៖«មានតែអ្នកមីងទេ ដែលបានច្រៀងឆ្លងឆ្លើយជាមួយ លោក ស៊ីន ស៊ីសាមុត អធិរាជសំឡេងមាស ពីព្រោះលោក ស៊ីន ស៊ីសាមុត ចូលចិត្តសំឡេងរបស់អ្នកមីងជាងសំឡេងអ្នកស្រីឃីម សោភ័ណ្ឌ»។
អ្នកស្រីបាននិយាយថា៖«ខ្ញុំច្រៀងជាមួយលោក ស៊ិន ស៊ីសាមុត បានប្រហែលជា៤ ទៅ ៥បទដែរ តែបានថតជាថាសបានតែ២បទប៉ុណ្ណោះ ដូចបទ សុំស្នេហ៍ ថតចេញពីរឿង អាផៃមុនីស៊ីសុវណ្ណ ហើយមួយបទទៀត អូនអើយ អូនស្ដាប់ផ្គរ»។
និយាយពីជីវិតគ្រួសារជាអ្នកសិល្បៈ ពិតជាមានភាពសប្បាយរីករាយ និងពោរពេញទៅដោយសេចក្ដីសោមន្ស។ ប៉ុន្តែ អ្នកស្រី ហែម សុវណ្ណ បានប្រែជាមុខស្រពោន នៅពេលរំឭកដល់រឿង ស្នេហាក្នុងសម័យ ប៉ុល ពត ដែលកាន់អំណាចក្នុងប្រទេសកម្ពុជាចាប់ពី ខែ មេសា ១៩៧៥ ដល់ ខែ មករា ១៩៧៩។
អ្នកស្រីបានបញ្ជាក់បន្តថា៖«កាលនោះ ពូ មីង ម្នាក់ជាពោះម៉ាយ ម្នាក់ទៀតជា មេម៉ាយ លុះដល់ឆ្នាំ១៩៧៨ ពួកពូមីងបានរៀបនៅក្នុងសម័យអាពតហ្នឹងទៅ»។
ត្រង់ចំណុចនេះ លោកគ្រូបា បានមានប្រសាសន៍បន្ថែមថា អ្នកសិល្បៈដូចគ្នា ទើបរស់នៅជាមួយគ្នាកើត ដូចជាពាក្យស្លោកមួយថា «នាងរត់រកអ្នក មេខាតលក្ខណ៍រត់រកអាបាក់ទន្សា»។ លោកគ្រូបា បានបន្តថា៖«ក្នុងសម័យអាពត វាមានតំបន់ស្រួល និង តំបន់ពិបាក។ ខ្ញុំសំណាងដែរ នៅចំតំបន់ស្រួល ដែលយើងអាចចាប់គូ(ប្ដីប្រពន្ធ)បាន ពីព្រោះវាមានរដូវវាដូចជា រដូវឆ្កែរកញី ពេលហ្នឹងហើយដែលខ្ញុំរៀបការជាមួយគាត់»។
អ្នកមីង ហែម សុវណ្ណ បានរៀបរាប់អំពីជីវិតរបស់គាត់ក្នុងសម័យនោះដែរថា គេបញ្ជាឲ្យអ្នកមីងច្រៀង ហើយភាគច្រើនជាបទបដិវត្ត លាងជំរះក្អែលសក្ដិភូមិ នាយទុន ដែលផ្ទុយស្រឡះពីចិត្តរបស់អ្នកមីង។
នៅពេលសួរថា អ្នកមីងមិនខ្លាចពួកខ្មែរក្រហមសម្លាប់ទេឬ? ពីព្រោះសម័យហ្នឹងគេតែងតែសម្លាប់អ្នកចម្រៀង និងអ្នកនិពន្ធ? អ្នកមីងបន្ថែមថា៖«វាចង់សម្លាប់យើងដែរហ្នឹង ប៉ុន្តែពេលវាឮសំឡេងខ្ញុំល្អ វាទុកឲ្យខ្ញុំច្រៀងកំដរវាទៅ ហើយខ្ញុំចេះតែច្រៀងតាមអ្វីដែលវាប្រាប់ថាបទនេះ បទនោះតាមតែចិត្តវា បើខ្ញុំមិនច្រៀងតាមវាទេ វាសម្លាប់យើងតាមហ្នឹង ម្យ៉ាងប្រហែលមកពីគុណមាតាបិតាហើយដែលបានជួយខ្ញុំឲ្យមានជីវិត»។
បន្ទាប់ពីជីវិតនៅក្នុងសម័យប៉ុល ពត ត្រូវបានបញ្ចប់ អ្នកមីង និងក្រុមគ្រួសារក៏បាននាំគ្នាទៅរស់នៅខេត្តកំពត ទៅច្រៀងតាមវិធីបុណ្យផ្សេងៗ ចៃដន្យថ្ងៃមួយពេលសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា មកសម្ពោធសមិទ្ធផលនៅខេត្តកំពតក៏បានជួបពួកគាត់ទាំងពីរហើយក៏ បានហៅពួកគាត់ឲ្យមកច្រៀងនៅភ្នំពេញ។
លោកគ្រូ បា បន្តថា៖«បើកុំបានសម្ដេច កុំអីគ្រួសារខ្ញុំមិនដឹងជាធ្លាក់ដល់ណាទេ ព្រោះសម្ដេចបាននាំពួកយើងមកនៅភ្នំពេញ ហើយឥឡូវនេះ ពូ និង មីងកំពុងធ្វើការនៅក្នុងខុទ្ទកាល័យសម្ដេច»។
បើនិយាយពីជីវិតជាអ្នកសិល្បៈ អ្នកមីង ហែម សុវណ្ណ ត្រូវបានគេស្គាល់យ៉ាងច្បាស់តាមរយៈបទ សម្លកូនអុក និងបទ ត្រូវថ្នាំមីអូនស្រី ។ កាលនោះអ្នកស្រីថតឲ្យផលិតកម្ម ហេង ហេង បន្ទាប់មកទើបនាំទៅថតដាក់ថាសនៅ ហុងកុង ឬ ម៉ាឡេស៊ី។ ក្រៅពីនេះ អ្នកស្រី ធ្លាប់ច្រៀងឲ្យផលិតកម្មហង្សមាស ព្រះវិហារ និងផលិតកម្មព្រះអាទិត្យ តែពេលនេះ មិនបានច្រៀងឲ្យផលិតកម្មណាទេ។ អ្នកស្រីបញ្ជាក់ថា តាមពិត «ខ្ញុំអាចច្រៀងបាន ប៉ុន្តែ មកពីបទចម្រៀងឥឡូវភាគច្រើនជាបទហិតកាវ បែបក្មេងស្ទាវទើបមិនត្រូវនឹងវ័យបច្ចុប្បន្ន៕
No comments:
Post a Comment