Wednesday, July 27, 2011
អេង ភិរុណ ដល់ពេលដើរចេញពីអាជីព http://postkhmer.com/index.php?option=com_content&view=article&id=62290:2011-07-25-17-30-53&catid=4:lifestyle-news&
Tuesday, 26 July 2011 15:03
ភ្នំពេញៈ សម្តីទន់ភ្លន់ រាក់ទាក់ អមដោយវោហារសព្ទក្បោះក្បាយ ទឹកមុខប្រិមប្រិយ ព្រមទាំងមុខមាត់ស៊ីកាមេរ៉ា សុទ្ធតែជាវិធីសាស្រ្ត និងភាពអំណោយទានដែលពិធីករ-ការិនី ដែលកំពុងបម្រើការងារនៅស្ថានីយវិទ្យុ និងទូរទស្សន៍ប្រាថ្នាចង់បាន។ ទោះបីជាយ៉ាងនេះក្ដី ការបង្ហើរវោហារសាសព្ទតាមវិទ្យុ និងទូរទស្សន៍ និង ភាពប៉ិនប្រសប់ក្នុងការតែងនិពន្ធ លែងជាគ្រឿងដ៏មានតម្លៃ សម្រាប់លោក អេង ភិរុណ ទៀតហើយ ដោយសារការហត់នឿយក្នុងអាជីពនេះជាង២ទសវត្សរ៍កន្លងមក។
ក្នុងវ័យ៥៤ឆ្នាំលោក អេង ភិរុណ អ្នកនិពន្ធដែលប្រាថ្នាចង់ដើរចេញពីប្រព័ន្ធផ្សព្វផ្សាយបានឲ្យ ដឹងថា ការប្រឡូកក្នុងសិល្បៈសំឡេង និងសម្រស់នេះ លែងជាអ្វីដែលលោកប៉ងប្រាថ្នាតាំងពីក្មេងទៀតហើយ ពីព្រោះលោកហាក់ដូចជា មានភាពនឿយហត់ ស្របពេលដែលលោកមានបញ្ហាសុខភាពមួយចំនួន។
ពិធីករមានសំឡេងស្រទន់រូបនេះមានប្រសាសន៍ថា៖ «កាលពីក្មេង ខ្ញុំតែងតែប្រាថ្នាចង់ក្លាយជាអ្នកនិយាយក្នុងវិទ្យុ និងចង់ចេញមុខតាមទូរទស្សន៍ ឥឡូវខ្ញុំអាចធ្វើបានមែន តែដល់ពេលនេះ ខ្ញុំបែរជាប្រាថ្នាចង់ចាកចេញទៅវិញ ព្រោះខ្ញុំឈឺច្រើន និងហត់ខ្លាំង»។
ក្រោយពីសម័យប្រល័យពូជសាសន៍បានផុតរលត់ទៅ លោក អេង ភិរុណ ត្រូវបានបញ្ជូនទៅបន្តការសិក្សានៅប្រទេសវៀតណាមរយៈពេលជិត៧ឆ្នាំ បន្ទាប់មកលោកក៏បានចូលមប្រើការងារក្នុងជួរទាហានក្នុងអង្គភាព ព័ត៌មាន។
លោកនិយាយថា៖ «និសិ្សតដែលបានទទួលអាហារូបករណ៍ទៅរៀននៅបរទេស រដ្ឋតម្រូវឲ្យធ្វើការឲ្យរដ្ឋពេលត្រឡប់មកវិញ បើមិនអ៊ីចឹងទេ រដ្ឋឲ្យយើងបង់លុយបួក(ប្រាក់អាហារូបករណ៍)វិញ»។
អ្នកនិយាយក្នុងកម្មវិធីវិទ្យុ និងជាអ្នកបញ្ចូលសំឡេងរឿងម្នាក់នេះ បានរំឭកថា ការដែលលោកចូលបម្រើការងារក្នុងវិទ្យុ និងទូរទស្សន៍ ជារឿងកើតឡើងដោយចៃដន្យ គឺនៅក្នុងឆ្នាំ១៩៨៨ មានការអំពាវនាវឲ្យយុវជនចូលជាទាហាន លោកក៏បានចុះឈ្មោះនៅក្នុងអគ្គសេនាធិការនៃអង្គភាពព័ត៌មាន។
អ្នកនិពន្ធដុះស្នឹមរូបនេះបន្តថា៖ «តាំងពីនោះមក ខ្ញុំបានក្លាយជាអ្នកយកព័ត៌មាន សរសេរព័ត៌មាននិងជាអ្នកអត្ថាធិប្បាយទូរទស្សន៍ និងវិទ្យុកងទ័ពហ្នឹង»។
អ្នកបញ្ចូលសំឡេងល្ខោនវិទ្យុរឿង ដែលគេស្គាល់ច្បាស់តាមរយៈស្នាដៃនិពន្ធដោយផ្ទាល់របស់លោកក្នុង រឿងដង្ហើមមធ្យមវ័យ ស្រណោះផ្គរលាន់ បេះដូងបរិសុទ្ធ និង រឿងជាច្រើនទៀត បានបន្តថា នាពេលថ្មីៗនេះ លោកបានសរសេររឿងល្ខោនវិទ្យុមួយក្រោយចំណងជើងថា «ដើម្បីក្ដីស្រឡាញ់» ដែលនោះប្រហែលជារឿងចុងក្រោយក្នុងអាជីពជាអ្នកនិពន្ធល្ខោនវិទ្យុ របស់លោកហើយ។
លោក ភិរុណ បាននិយាយថា៖ «រឿង «ដើម្បីក្ដីស្រឡាញ់»ដែលរៀបរាប់ពីការលះបង់របស់មនុស្សដើម្បី ប្រាថ្នាចង់បានសេចក្ដីស្រឡាញ់ គ្រោងនឹងចាក់ផ្សាយនៅក្នុងខែតុលា ឬវិច្ឆិកាខាងមុខ។ វាប្រហែលជារឿងចុងក្រោយរបស់ខ្ញុំហើយ ពីព្រោះខ្ញុំលែងមានអារម្មណ៍តែងនិពន្ធទៀតហើយ ព្រោះឲ្យតែចាប់ផ្ដើមកាន់ប៊ិចសរសេរ ខ្ញុំចាប់ឈឺក្បាលភ្លាម»។
លោក ភិរុណ បានបង្ហើបថា ប្រសិនបើលោកដើរចេញពីការតែងនិពន្ធនេះមែន លោកនឹងវិលទៅរកការងាររាជការវិញ ដែលលោកធ្លាប់ធ្វើពីមុន៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment