Friday, July 1, 2011


សវនាការបឋមបានចាប់ដំណើរការហើយ ដែលឈានទៅជំនុំជម្រះក្តីមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមជាប្រវត្តិសាស្រ្ត

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបានបើកសវនាការបឋមលើសំណុំរឿង ០០២ ដែលត្រូវបានចាត់ទុកថាជាសំណុំរឿងដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្រ្តនៃតុលាការខ្មែរក្រហម ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១។ ជនជាប់ចោទក្នុងសំណុំរឿង ០០២ មាន៤រូបគឺ លោក នួន ជា អនុលេខាបក្សកុម្មុយនិស្តកម្ពុជា លោក អៀង សារី ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកការបរទេស លោកស្រី អៀង ធីរិទ្ធ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងលោក ខៀវ សំផន ប្រធានគណៈប្រធានរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ក្នុងអំឡុងពេល៤ថ្ងៃនៃសវនាការបឋម មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងក្តី និងមានសាធារណជន តាមដានសវនាការដល់ទីកន្លែងចំនួន ២,៦៩៦នាក់ ក្នុងនោះមានដើមបណ្តឹងរដ្ឋប្បវេណី សិស្សនិស្សិត ព្រះសង្ឃ ដូនជីតាជី ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានា មន្រ្តីរដ្ឋាភិបាល អង្គទូត តំណាងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកនិងអន្តរជាតិ។ តួលេខខាងលើមិនបូកបញ្ចូលតំណាងសារព័ត៌ដែលមានប្រមាណ ១៥០នាក់ មកពីស្ថាប័នសារព័ត៌មានល្បីៗក្នុងស្រុកដូចជា ភ្នំពេញប៉ុស្តិ៍ ខេមបូឌា ដេលី រស្មីកម្ពុជាជាដើម និងសារព័ត៌មានល្បីៗលំដាប់ពិភពលោក ដូចជាCNN, BBC, France 24, Alzelzeira, RFI,New York Times, Reuters។ល។ ជាងនេះទៅទៀត ស្ថានីយ៍ទូរទស្សន៍ឯកជនដែលល្បីបំផុតនៅព្រះរាជាណាចក្រកម្ពុជា គឺស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន និងស្ថានីយ៍វិទ្យុដើមអំពិល ក៏បានផ្សាយបន្តផ្ទាល់អំពីដំណើរការនេះតាំងពីដើមរហូតដល់ចប់។

សវនាការបឋមបានប្រព្រឹត្តទៅប្រកបដោយជោគជ័យដូចការគ្រោងទុក ដោយគ្រប់ភាគីបានពិភាក្សាយ៉ាង ផុលផុសទៅលើ៖
• បញ្ជីឈ្មោះសាក្សី អ្នកជំនាញ និងដើមបណ្តឹងរដ្ឋប្បវេណី ដែលស្នើឡើងដោយគ្រប់ភាគី មុននឹង ចៅក្រមសម្រេចកោះហៅមកធ្វើសក្ខីកម្មនិងសេចក្តីថ្លែងការណ៍នៅចំពោះមុខអង្គជំនុំជម្រះសាលា ដំបូង។
• ជុំវិញច្បាប់របស់ អ.វ.ត.ក ដែលត្រូវចោទឬមិនត្រូវចោទទៅលើជនជាប់ចោទ ព្រមទាំងអាជ្ញាយុកាល (ដែនកំណត់រយៈពេលនៃការកាត់ក្តីលើបទឧក្រិដ្ឋព្រហ្មទណ្ឌ) នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ អនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ និងការរំលោភលើក្រមព្រហ្មទណ្ឌកម្ពុជាឆ្នាំ១៩៥៦ (ការធ្វើ ទារុណកម្ម ការសម្លាប់ និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា)។
• ជុំវិញគោលការណ៍នៃការគ្មានការកាត់ទោសពីរដងចំពោះបទល្មើសតែមួយ (តុលាការប្រជាជន បដិវត្តន៍កម្ពុជាឆ្នាំ១៩៧៩) និងការលើកលែងទោសកាលពីឆ្នាំ១៩៩៦ ចំពោះជនជាប់ចោទ អៀង សារី។

តុលាការបានកោះហៅជនជាប់ចោទទាំងបួនរូប ហើយជនជាប់ចោទក៏បានបង្ហាញមុខនៅចំពោះមុខអង្គជំនុំ ជម្រះសាលាដំបូងនៅរៀងរាល់ថ្ងៃសវនាការ។នៅក្នុងច្បាប់នៃ អ.វ.ត.ក ជនជាប់ចោទមានសិទ្ធិបោះបង់ ការចូលរួមនៅក្នុងសវនាការដូចករណីលោក នួន ជា បានចាកចេញពីសាលសវនាការនៅបីថ្ងៃដំបូង ដោយលើកហេតុផលថា ប្រធានបទដែលត្រូវយកមកពិភាក្សាពុំមានទាក់ទងនឹងរូបគាត់ ហើយសន្យាថានឹងវិលមក ចូលរួមក្នុងសវនាការនៅពេលណាដែលការពិភាក្សាពាក់ព័ន្ធនឹងរូបគាត់។ ចំណែកលោក អៀង សារីបាន ចាកចេញពីសវនាការដោយសារមូលហេតុសុខភាព ក៏ប៉ុន្តែបានសំណូមពរឲ្យតុលាការភ្ជាប់វីដេអូទៅបន្ទប់ខាង ក្រោម ដើម្បីឲ្យគាត់អាចតាមដានដំណើរការសវនាការពីទីកន្លែងដែលគាត់កំពុងតែសម្រាក។

ដោយឡែក លោក ខៀវ សំផន បានមានមតិនៅថ្ងៃដំបូង និងនៅថ្ងៃចុងក្រោយនៃសវនាការ រយៈពេល៥នាទី។ លោក ខៀវ សំផន បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ “ខ្ញុំក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ដែរ គឺចង់ដឹងការពិតនូវអ្វីដែលបានកើតឡើង ព្រោះខ្លួនខ្ញុំផ្ទាល់ ខ្ញុំក៏រង់ចាំពេលវេលានេះជាយូរមកហើយដែរ។ ដោយសារពេលនេះខ្ញុំនៅមានសុខភាពល្អនៅឡើយ ខ្ញុំសូមរួមកម្លាំងចិត្ត កម្លាំងកាយរបស់ខ្ញុំ ដល់ការងាររបស់តុលាការ ដើម្បីធ្វើម៉េចអ្វីដែលបានកើតឡើងនៅក្នុងអំឡុងឆ្នាំដែលបាននិយាយអម្បាញ់មិញនេះបានលេចឡើងច្បាស់។ ខ្ញុំមិនដឹងទាំងអស់ទេ ក៏ប៉ុន្តែខ្ញុំនឹងរួមចំណែកអស់ពីចិត្តពីថ្លើម ធ្វើម៉េចឲ្យវាចេញមក
ឲ្យអស់”។

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទិនទៅនឹងអ្វីដែលលោក ខៀវ សំផន និយាយនៅក្នុងសាល សវនាការ សហព្រះរាជអាជ្ញាកម្ពុជា លោកជំទាវ ជា លាង មានប្រសាសន៍នៅក្នុងសន្និសីទកាសែតបន្ទាប់ពីសវនាការបឋមថា លោក ខៀវ សំផន និយាយថាគាត់នឹងសហការជាមួយតុលាការ នោះគឺជាអ្វីដែលសហព្រះរាជអាជ្ញាចង់បាន គឺចង់ឲ្យជនជាប់ចោទនិយាយការពិត។

សម្រាប់សាធារណជនដែលបានមកចូលរួមស្តាប់សវនាការ ម្នាក់ៗសុទ្ធតែរង់ចាំស្តាប់ការពិតដែលលោក ខៀវ សំផន នឹងនិយាយ។ លោកពូម្នាក់អាយុ៥៨ឆ្នាំ រស់នៅភ្នំពេញ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ល្អហើយដែល ខៀវ សំផន ចង់និយាយការពិត ប៉ុន្តែខ្ញុំចាំស្តាប់មើលសិន តើគាត់ពិតជានិយាយការពិតមែនឬអត់។ ខ្ញុំបានរស់ឆ្លងកាត់របបហ្នឹងដែរ ដូច្នេះបើគាត់និយាយមិនពិត ខ្ញុំដឹង។ ដូច្នេះខ្ញុំយល់ថា តុលាការគួរតែអនុញ្ញាតឲ្យ ខៀវ សំផន និងសាក្សីរបស់គាត់និយាយឲ្យអស់ទៅ ដើម្បីឲ្យមានស្មើភាពក្នុងតុលាការ និងដើម្បីឲ្យយើងទាំងអស់គ្នាដឹងការពិត”។

ដោយឡែក លោក ស៊ុំ រិទ្ធី អាយុ៥៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីគុកតំបន់នៅខេត្តសៀមរាបបានព្រមានថា៖ “ខ្ញុំសុំផ្តាំទៅ លោក ខៀវ សំផន ថា កុំឲ្យគាត់សហការតាមរបៀបដូច ឌុច។ ឌុច និយាយការពិតតែ៣០ភាគរយប៉ុណ្ណោះ អញ្ចឹង សូមលោក ខៀវ សំផន កុំធ្វើដូច ឌុច ឲ្យសោះ។ ខ្ញុំចង់ផ្តាំទៅលោក ខៀវ សំផន ថា នេះជាឧិកាសចុងក្រោយរបស់គាត់ហើយ ដើម្បីរកយុត្តិធម៌សម្រាប់ជនរងគ្រោះនិងសម្រាប់ខ្លួនគាត់ផ្ទាល់។ បើគាត់មិននិយាយការពិតពេលគាត់ស្លាប់ទៅ ព្រលឹងគាត់នឹងមិនបានស្ងប់ទេ ព្រោះជនរងគ្រោះទាំងអស់សុទ្ធតែស្លាប់ដោយបិទភ្នែកមិនជិត”។

លោក ស៊ុំ រិទ្ធី ជាប់នៅក្នុងគុកភូមិភាគឧត្តរ ដែលមានទីតាំងនៅខេត្តសៀមរាប អស់រយៈពេលជាង១ឆ្នាំ។ នៅលើខ្លួនរបស់គាត់មានសម្លាកស្នាមជាច្រើនកន្លែងដែលបន្សល់ពីការរលាកដោយសារបបរក្តៅស្រោចលើខ្លួនគាត់។ ក្រៅពីនេះ គាត់បានបាត់បង់សមាជិកគ្រួសារចំនួន៤នាក់នៅក្នុងរបបខ្មែរក្រហម រួមទាំងឪពុក
និងប្អូនប្រុសរបស់គាត់ផង។

រហូតមកដល់ពេលនេះ ពុំទាន់មានជនជាប់ចោទណាម្នាក់ក្នុងចំណោមជនជាប់ចោទទាំង៤រូបក្នុងសំណុំរឿង ០០២ សហការជាមួយតុលាការដើម្បីបង្ហាញការពិតនូវអ្វីដែលបានកើតឡើងនៅក្នុងជួរថ្នាក់ដឹកនាំនៃរបប កម្ពុជាប្រជាធិបតេយ្យឡើយ។ លោក ស៊ុំ រិទ្ធី បានសម្តែងការព្រួយបារម្ភអំពីរឿងនេះថា៖ “អ្វីដែលខ្ញុំបារម្ភបំផុតគឺជនជាប់ចោទមិនសហការជាមួយតុលាការ ព្រោះថាបើពួកគាត់មិនសហការជាមួយតុលាការ នោះយើងនឹងមិនដឹងថាមានគាត់បានធ្វើអ្វីខ្លះនៅក្នុងរបបនោះ ហើយមានអ្វីកើតឡើងពិតប្រាកដ”។

ក៏ប៉ុន្តែ លោក រ៉ាអ៊ូល ម៉ាក់ ជេណា បានសម្តែងសុទិដ្ឋិនិយមថា៖ “ខ្ញុំមិនបារម្ភអំពីរឿងនេះទេ ខ្ញុំយល់ថា ជនរងគ្រោះដែលនៅរស់នឹងពន្យល់អំពីអ្វីដែលបានកើតឡើង ហើយការស៊ើបអង្កេតបានរកឃើញភ័ស្តុតាងគ្រប់គ្រាន់ដើម្បីដាក់ទោសជនជាប់ចោទដែលជាអ្នកទទួលខុសត្រូវខ្ពស់បំផុត។ ដូច្នេះ បើទោះបីជាជនជាប់ចោទ មិននិយាយក៏មិនអាចធ្វើឲ្យដំណើរការរបស់អង្គជំនុំជម្រះអាក់ខានដែរ”។

ប្រជាជនជាច្រើននាក់បានសម្តែងក្តីជឿជាក់លើតុលាការខ្មែរក្រហម ហើយផ្ញើក្តីសង្ឃឹមថា តុលាការនេះនឹងរកយុត្តិធម៌ជូនគាត់ក៏ដូចជាជូនប្រជាជនកម្ពុជាទាំងអស់។ លោក ស៊ុំ រិទ្ធី ដែលរស់នៅជាមួយនឹងសុបិនអាក្រក់អំពីបទពិសោធន៍របស់គាត់នៅក្នុងរបបខ្មែរក្រហមអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះបានសម្តែងសុទិដ្ឋិនិយមថា៖ “ខ្ញុំសង្ឃឹមថា បើមានតុលាការនឹងមានយុត្តិធម៌សម្រាប់ជនរងគ្រោះ។ ខ្ញុំសប្បាយចិត្តណាស់ដែលមានតុលាការនេះ ព្រោះខ្ញុំបានធូរស្រាលក្នុងចិត្តខ្លះ បើទោះជាមិនធូរស្រាលទាំងអស់ក៏ដោយ។ ខ្ញុំអរគុណតុលាការដែលបានពន្លឿនសំណុំរឿង០០២ ព្រោះវ័យរបស់ជនជាប់ចោទកាន់តែចាស់ហើយ បើនៅតែពន្យារពេលទៀតគាត់អាចស្លាប់មុនពេលត្រូវកាត់ទោស”។

សម្រាប់ជនរងគ្រោះ ក៏ដូចជាសម្រាប់សាធារណជនទូទៅ កង្វល់ធំបំផុតសម្រាប់សំណុំរឿង ០០២ គឺជនជាប់ចោទអាចបាត់បង់ជីវិតមុនពេលការកាត់ក្តីត្រូវបានបញ្ចប់។ លោក រ៉ាអ៊ូល ក៏បង្ហាញសេចក្តីសង្ឃឹមថា ជនដៃដល់នឹងរស់ឲ្យបានយូរដើម្បីទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្រ្ត។

សំណុំរឿង ០០២ ជួយផ្សះផ្សារបួសផ្លូវចិត្តរបស់ជនរងគ្រោះ

នេះប្រហែលជាសំណួរដែលនៅតែពុំទាន់អាចស្វែងរកចម្លើយឃើញនៅឡើយ ក៏ប៉ុន្តែសម្រាប់ជនរងគ្រោះមួយ ចំនួន តុលាការខ្មែរក្រហមបានធ្វើឲ្យគាត់បានស្ងប់ចិត្ត និងបន្ថយកំហឹងចំពោះរបបខ្មែរក្រហមនិងមេដឹកនាំនៃ របបនោះ រួចទៅហើយ។

លោកយាយ ជ័យ នៅ អាយុ៦៨ឆ្នាំ ដែលធ្វើដំណើរមកពីខេត្តកំពង់ស្ពឺបានថ្លែងថា “ខ្ញុំធូរស្រាលក្នុងចិត្តច្រើនណាស់ដែលបានអង្គការ (រដ្ឋាភិបាលនិងអ.ស.ប) យកចិត្តទុកដាក់រកយុត្តិធម៌ឲ្យ។ តុលាការនេះគឺជាសំណងផ្លូវចិត្តសម្រាប់ខ្ញុំហើយ ខ្ញុំមិនចង់បានអ្វីសម្រាប់ខ្លួនខ្ញុំទៀតទេ ប៉ុន្តែបើអាច ខ្ញុំចង់បានស្តូបសម្រាប់រំព្ញកដល់ជនរងគ្រោះផង ដើម្បីឲ្យក្មេងជំនាន់ក្រោយដឹងនិងចងចាំផង”។

មិនខុសគ្នាប៉ុន្មានទេ អ្នកមីង អ៊ុន រ៉ន អាយុ៥៨ឆ្នាំ បានមានប្រសាសន៍ថា៖“ខ្ញុំមានអារម្មណ៍ធូរស្រាល រំសាយកំហឹងខ្លះ ពីមុនខ្ញុំមានអារម្មណ៍ខឹងគុំគួនព្រោះថាគ្មាននរណារកយុត្តិធម៌ឲ្យ។មេដឹកនាំអស់ហ្នឹងចាស់ៗអស់ហើយ បើដាក់ទោសគាត់ទៅក៏មិនដឹងជាបានប៉ុន្មានឆ្នាំដែរ ខ្ញុំចង់តែឮមេដឹកនាំអស់ហ្នឹងសារភាពទទួលកំហុសតែមួយម៉ាត់ខ្ញុំអស់ចិត្តហើយ”។

លោក រ៉ាអ៊ូល បានចែករំលែកការយល់ឃើញរបស់គាត់ថា៖“ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជាប្រហែលជាស្គាល់ឈ្មោះជនដៃដល់ដែលសម្លាប់ឪពុក ម្តាយ បងប្អូន ឬមនុស្សជាទីស្រលាញ់របស់គាត់ ក៏ប៉ុន្តែបន្ទាប់ពីសំណុំរឿង ០០២ នេះ ពួកគាត់នឹងស្គាល់ឈ្មោះ អ្នកដែលចេញបញ្ជាឲ្យសម្លាប់ គាត់នឹងដឹងអំពីវិធីដែលគេរៀបចំនិងចេញបញ្ជា និងអំពីលទ្ធផលពិតប្រាកដនៃទង្វើទាំងអស់នោះ។ ខ្ញុំយល់ថា ការដឹងនេះសំខាន់ខ្លាំងណាស់សម្រាប់ជនរងគ្រោះ ដើម្បីឲ្យគាត់អាចបិទទំព័រដ៏ខ្មៅងងឹតនេះបាន”។

ប្រជាជនកម្ពុជាមានការយល់ដឹងប្រសើរជាងមុនអំពីតុលាការខ្មែរក្រហម

បើតាមការកាត់សម្គាល់របស់លោក រ៉ាអ៊ូល ម៉ាក់ ជេណា ដែលបានមកតាមដានដំណើរការសវនាការបឋម ទាំងបួនថ្ងៃ ប្រជាជនកម្ពុជាដែលមកចូលរួមសវនាការបឋមលើកនេះ មានចំណេះដឹងច្រើនគួរសមអំពីតុលាការ ក៏ដូចជាអំពីប្រវត្តិសាស្រ្តនៃរបបខ្មែរក្រហម។ លោក រ៉ាអ៊ូល លើកឡើងថា “ខ្ញុំសម្គាល់ឃើញក្នុងចំណោម ប្រជាជនកម្ពុជាដែលបានចូលរួមស្តាប់សវនាការក្នុងអំឡុងពេល៤ថ្ងៃនេះ គឺថា ពួកគាត់មានការយល់ដឹងច្រើន អំពីតុលាការខ្មែរក្រហម ខុសប្លែកច្រើនកាលពីក្នុងសំណុំរឿង ០០១”។

“នេះប្រហែលជាដោយសារកម្មវិធីផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពរបស់ផ្នែកកិច្ចការសាធារណៈនៃ អ.វ.ត.ក តាំងពីក្នុងអំឡុងដំណើរការសំណុំរឿង ០០១ រៀងរហូតមក ដែលមិនត្រឹមតែបាននាំប្រជាជនពីតាមបណ្តាខេត្តមកមើលតុលាការប៉ុណ្ណោះទេ ក៏ប៉ុន្តែបានទៅជួបប្រជាជនដល់ទីកន្លែងតែម្តង សូម្បីតែនៅអន្លង់វែង ប៉ៃលិន ព្រះវិហារ នៅទីជនបទដាច់ស្រយាលដទៃទៀត ដើម្បីពន្យល់ប្រាប់ពួកគាត់អំពីដំណើរការនិងបេសកកម្មរបស់តុលាការ។ ពេលនេះយើងបានឃើញផ្លែផ្កានៃកិច្ចការនេះ ខ្ញុំឃើញមានការខុសប្លែកច្រើនមែនទែន។” លោក រ៉ាអ៊ូល បន្ថែម។

អង្គជំនុំជម្រះសាលាដំបូងនឹងចេញសេចក្តីសម្រេចទៅលើប្រធានបទនានាដែលបានពិភាក្សានៅក្នុងសវនាការ បឋម នាពេលខាងមុខមុននឹងចាប់ផ្តើមដំណើរការលើអង្គសេចក្តី។

សវនាការលើអង្គសេចក្តីនៃសំណុំរឿង ០០២ នឹងគ្រោងដំណើរការនៅខែកញ្ញា ឆ្នាំ២០១១ ហើយអង្គជំនុំជម្រះសាលាដំបូងនឹងជូនដំណឹងដល់សាធារណជនអំពីកាលវិភាគជាក់លាក់នៃសវនាការនាពេលក្រោយ៕

No comments:

Post a Comment