Thursday, June 16, 2011

ផ្ទះ​ឈើ​ជា​អនុស្សាវរីយ និង​ជា​កេរ​ដំណែល




នៅ​តាម​ដង​វិថី​ត្រសក់​ផ្អែម ​មាន​ផ្ទះ​ឈើ​មួយ​ខ្នង​ ដែល​ជា​អតីត​កេរ​ដំណែល​ពី​ជី​ដូន​ជី​តា​របស់​លោក​ ​អ៊ុន​ ​វ៉ាល់​ឡឺរ៉ូ​ ​ជា​ប្រធាន​នាយក​ដ្ឋាន​ត្រួត​ពិនិត្យ​ ​និង​ ​តាម​ដាន​គម្រោង​វិនិយោគ​។​ ប៉ុន្តែ​ក្រោយ​ពី​របប​​ខ្មែរ​ក្រហម​បាន​កន្លង​ផុត​ទៅ​ ​ផ្ទះ​ឈើ​មួយ​នេះ​ បាន​ក្លាយ​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ផ្សេង​ហើយ​។

លោក អ៊ុន ​វ៉ាល់ឡឺរ៉ូ បាន​និយាយ​ថា​៖​ «​ផ្ទះ​ខ្ញុំ​ បើ​និយាយ​ឲ្យ​ចំ​ទៅ​ ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​រស់​នៅ​តាំង​ពី​បុរាណ​កាល​មក ​គឺ​ជាឈើ​។ ​ខ្ញុំ​មាន​ផ្ទះ​មួយ​ខ្នង​ ផ្ទះ​ដែល​ជា​កេរ​អាករ​​ពី​ជី​ដូន​ជី​តា​ខ្ញុំ​មក»​។

លោក​បាន​បន្ត​ទៀត​ថា​៖ «បច្ចុប្បន្ន​នេះ ផ្ទះ​នេះ​ស្ថិត​នៅ​ម្តុំ​ផ្លូវ​ត្រសត់​ផ្អែម​ ហើយ មាន​សង់​ថ្ម​ពី​ក្រោម​ផ្ទះ​ឈើ​នោះ ​ប៉ុន្តែ​ខ្ញុំ​ភ្លេច​​ឈ្មោះ​ពិត​ប្រាកដ​របស់​វា​ហើយ​»​។

ទោះ​បី​លោក​មិន​សូវ​មាន​ជំនាញ​ខាង​ផ្ទះ​ឈើ​ក៏ដោយ ប៉ុន្តែ​ឈរ​លើ​ទស្សនៈ​ជា​អ្នក​ជា​​អ្នក​សេដ្ឋ​កិច្ច​ម្នាក់ ​លោក​ក៏​បាន​បញ្ចេញ​មតិ​លើ​បញ្ហា​នេះ​ថា ​តម្លៃ​នៃ​ផ្ទះ​ឈើ ​គឺ​ប្រាកដ​ជា​មាន​ប្រយោជន៍​ណាស់​ ហើយ​តម្លៃ​នោះ​មិន​មាន​​ប៉ះ​​ពាល់​ដល់​អាយុ​ជីវិត​មនុស្ស​ដែល​កំពុង​តែ​រស់​នៅ ក្រោម​ដំបូល​ផ្ទះ​នោះ​ទេ។ លោក​គិត​ថា តើ​ផ្ទះ​មួយ​ខ្នង​នេះ​អាច​អភិរក្ស​បាន​ឬ​ទេ?

លោក​ ​អ៊ុន ​វ៉ាល់ឡឺរ៉ូ ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ​មិន​​មែន​តែ​លោក​ទេ​ដែល​មាន​ចិត្ត​​ចង់​អភិរក្ស​ផ្ទះ​ឈើ​ សូម្បី​តែ​ឪពុក​ម្ដាយ​ក្មេក​របស់​លោក​ក៏​មាន​គំនិត​បែប​នេះ​​ដែរ​ ​ព្រោះ​ជីតា​ក្មេក​របស់​លោក​គឺ​​ជា​ជាង​​ឈើ​​​ធ្វើ​ផ្ទះ​នោះ។

ជាង​នេះ​ទៅ​ទៀត​ ​លោក វ៉ាល់ឡឺរ៉ូ ក៏​ចង់​រក្សា​ទុក​ជា​សញ្ញាណ​ខ្មែរ​មួយ​ដែរ​ ដោយ​ឈរ​​លើ​ទស្សនៈ​មួយ​ថា៖ «​​ខ្ញុំ​ស្រឡាញ់​ផ្ទះ​ឈើ​ណាស់​។ និយាយ​រួម​ទៅ ខ្ញុំ​ឲ្យ​តម្លៃ​ឈើ ​ព្រោះ​​ខ្ញុំ​​គិត​​​ថា​ នេះ​ជា​សម្បត្តិ​​​ធម្ម​​ជាតិ​ដ៏​វិសេស​វិសាល​ ​ហើយ​ជា​រចនា​ប័ទ្ម​ខ្មែរ​ ដែល​យើង​ដឹង​ហើយ​ថា​ ជា​អច្ឆរិយ​របស់​ខ្មែរ​ដែល​បង្ហាញ​​ពី​សញ្ញាណ​ដ៏​អស្ចារ្យ​របស់​ខ្មែរ​កាល​ពី សម័យ​មុន​»។

ជា​រឿយ​ៗ​ លោក​ វ៉ាល់​ឡឺរ៉ូ តែង​តែ​ទៅ​មើល​ផ្ទះ​នោះ ​ទោះ​បី​ជា​វា​មិន​មែន​ជា​ផ្ទះ​របស់​​លោក​ទៀត​ក៏​ដោយ ប៉ុន្តែ​វា​មាន​អនុស្សាវរីយ​ជី​ដូន​ជីតា​របស់​គាត់​ក្ដី៕

http://www.postkhmer.com/index.php?option=com_content&view=article&id=59954:2011-06-16-04-37-
14&catid=62:property&Itemid=105

No comments:

Post a Comment